Thursday, November 13, 2014

ក្រុមហ៊ុន​Sony​ខាត​ដោយសារ​ទូរស័ព្ទ​ឆ្លាត

M20-09-14-o-full

The Yomiuri Shimbun ​សរសេរ​ថា Sony Corp. កំពុង​ស្ថិត​ក្នុង​ស្ថានភាព​ខាតបង់​រ៉ាំរ៉ៃ​មួយ​។ ក្រុមហ៊ុន​​អេឡិចត្រូនិក​ និង​ឧបករណ៍​កម្សាន្ត​នៃ​ប្រទេស​ជប៉ុន កំពុង​មាន​ជំងឺ​មួយ​នេះ ត្រូវ​បាន ប្រកាស​ថា បង្ខំ​ចិត្ត​ធ្វើការ​កែតម្រូវ​បន្ទាប​ថែម​ទៀត​ នូវ​ប្រាក់ចំណូល​របស់​ខ្លួន សម្រាប់​ឆ្នាំ​សារពើពន្ធ​នេះ ដោយ​បាន​ទម្លាក់​ការ​ខាតបង់​ដ៏​ធំ​នេះ ​ថា​ជា​បញ្ហា​នៅ​ក្នុង​ផ្នែក​ទូរស័ព្ទ​ឆ្លាត។ ដើម្បី​រក​ផ្លូវ​ចេញពី​ចំណុច​គ្រោះថ្នាក់​នេះ ក្រុមហ៊ុន​បាន​ផ្តោត​ទៅ​លើ​ធុរកិច្ច​ទូរស័ព្ទ​ឆ្លាត តែ​វិនិច្ឆ័យ​មិនបាន​ត្រឹមត្រូវ​អំពី​ចំណោល​នៃ​ការ​លក់។
ពាក់ព័ន្ធ​នឹង​ការវិនិច្ឆ័យ​ខុស​ក្នុង​ធុរកិច្ច​ទូរស័ព្ទ​ឆ្លាត លោក Kazuo Hirai ប្រធាន​ក្រុមហ៊ុន Sony ទទួលស្គាល់​ថា ក្រុមហ៊ុន​តាម​មិនទាន់​ការ​ដូរ​ផ្លាស់​នៅ​ក្នុង​វិស័យ​ឧស្សាហកម្ម ដោយ​“​ក្រុម​អ្នក​ផលិត​ទូរស័ព្ទ​ឆ្លាត​នៃ​ប្រទេស​ចិន បាន​វាយលុក​យ៉ាង​ខ្លាំង​។ យើង​មាន​កម្លាំង​មិន​គ្រប់គ្រាន់ ដើម្បី​នឹង​ទប់ទល់​សង្គ្រាម​តម្លៃ​ដែល​កើន​ឡើង​ខ្លាំង​ទៅៗ បានទេ​”។
ទីផ្សារ​ទូរស័ព្ទ​ឆ្លាត មាន​ការ​ដូរ​ផ្លាស់​យ៉ាង​ខ្លាំង​នៅ​ប៉ុន្មាន​ឆ្នាំ​ថ្មីៗ នេះ​។ យោង​តាម​ក្រុមហ៊ុន​ស្រាវជ្រាវ​របស់​សហ​រដ្ឋ​អាមេរិកIDC ក្រុមហ៊ុន Samsung Electronics Co. នៃ​កូរ៉េខាងត្បូង និង Apple Inc. របស់​សហរដ្ឋអាមេរិក ជា​តួអង្គ​ពីរ​ធំ​ជាង​គេ​ក្នុង​ធុរកិច្ច​ទូរស័ព្ទ​ឆ្លាត តែ​បាន​ខាតបង់​សឹងតែ ១០នៃ​ចំណែក​ទីផ្សារ​រួមគ្នា ​ធៀប​ទៅ​កំឡុង​ពេលមុន​។ ចំណែក​ទីផ្សារ​មួយ​ដ៏​ធំ បាន​ធ្លាក់​ចូល​ដៃ​នៃ​ក្រុមហ៊ុន Xiaomi Inc. និង Huawei Technologies Co. នៃ​ប្រទេស​ចិន​ដែល​ក្រុមហ៊ុន​ទាំងពីរ​បាន​ផលិត​ទូរស័ព្ទ​ឆ្លាត​តម្លៃ​ទាប។
ក្រុមហ៊ុន Sony មាន​គោលបំណង​ចង់​ក្លាយ​ជា​តួអង្គ​ទី ៣ នៅក្នុង​ឧស្សាហកម្ម​ទូរស័ព្ទ​ឆ្លា​តនៃ​ពិភពលោក តែ​ក្រុមហ៊ុន​មិន​អាច​ទាំង​ដណ្តើម​ចំណែក​ទីផ្សារ​ទី​៥ បាន​ផង ដោយសារតែ​គូប្រជែង​ចិន​ដ៏​ខ្លាំងក្លា​។ ធុរកិច្ច​​អេឡិចត្រូនិក​​របស់ Sony បាន​ស្ថិត​ក្នុង​តំបន់​គ្រោះថ្នាក់​បី​ឆ្នាំ​ជាប់ៗ គ្នា​ហើយ​។ ក្រុម​ទូរទស្សន៍​មាន​ផ្ទាំង​បង្ហាញ​រូបភាព​រាង​សំប៉ែត ដែល​ជា​ស្នូល​នៃ​ធុរកិច្ច ក៏​រង​នូវ​ឱនភាព​មក​១០ ឆ្នាំ​ជាប់​គ្នា​ដែរ​។ គឺ​កិច្ចប្រជុំ​យុទ្ធសាស្ត្រ​សាជីវកម្ម​របស់​ក្រុមហ៊ុន កាលពី​ខែឧសភា​ឆ្នាំនេះ គឺ​ទើបតែ​បួន​ខែ​សោះ ដែល​ក្រុមហ៊ុន​បាន​តាំង​ជំហរ​យក​ធុរកិច្ច​ទូរស័ព្ទ​ឆ្លាត ជា​ការ​វាយលុក​សំខាន់​ដើម្បី​ដណ្តើម​នូវ​ប្រៀប​ក្នុងការ​ប្រកួតប្រជែង។
ក្នុងការ​ព្យាករណ៍​ដ៏​រឹងមាំ​មួយ​សម្រាប់​ឆ្នាំ​សារពើពន្ធ​ដែល​ចប់​ទៅ​នៅ​ខែ មីនា ឆ្នាំ ២០១៥ ក្រុមហ៊ុន​បាន​ព្យាករណ៍​ថា នឹង​លក់​បាន ៧,៨ ពាន់​ពាន់​លាន​យ៉េន ឬ ៧១ ពាន់​លាន​ដុល្លារ ដោយ​រំពឹង​ថា បាន ១,៥៣ ពាន់​ពាន់​លាន​យ៉េន ពី​ធុរកិច្ច​គមនាគមន៍ ក្នុង​នោះ​មាន​ទូរស័ព្ទ​ឆ្លាត ដែល​ត្រូវជា ២០នៃ​ការ​លក់​ទាំងអស់ និង ២៦ ពាន់​លាន​យ៉េន ជា​ប្រាក់ចំណេញ​ប្រតិបត្តិការ​។ ប៉ុន្តែ ​នៅ​ត្រឹម​ខែ​កក្កដា ក្រុមហ៊ុន បាន​កាត់​តម្រឹម​ការ​ព្យាករណ៍​លក់​សម្រាប់​ធុរកិច្ច​គមនាគមន៍​ចល័ត ចុះទៅ​ដល់ ១,៣៦ ពាន់​ពាន់​លាន​យ៉េន និង​កាត់​ទស្សនវិស័យ​ចំណេញ​ទៅ​នៅ​សូន្យ​៕

"
"