កាលពីខែមីនាកន្លងមកនេះក្រុមហ៊ុន Apple ធ្លាប់បានប្រកាសថា ខ្លួនបានត្រៀម និងរៀបចំគម្រោងចេញផលិតផលស៊េរីថ្មីគឺទូរស័ព្ទស្មាតហ្វូន iPhone 6។ បើយោងតាមគេហទំព័រ MacRumors បានបង្ហោះរូបភាពគំរូម៉ាកទូរស័ព្ទ iPhone 6 ដែលមានអ្នករចនាម៉ូដដោយហ្វែរីផាសឆៀ អាចឲ្យគេសន្និដ្ឋានថាវាមានកម្រាស់ប្រមាណជា៤,៧ អ៊ិញ ឬ៥,៧អ៊ិញ។
ចំពោះរូបរាងខាងក្រៅនៃម៉ូដែលទូរស័ព្ទស៊េរី iPhone 6 មិនមានលក្ខណៈខុសប្លែកអ្វីគ្នាពីទូរស័ព្ទស៊េរី iPhone 5s ប៉ុន្មានឡើយ។ យោងតាមអ្នកសរសេររៀបរាប់ក្នុងគេហទំព័រ MacRumors បានឲ្យដឹងថា៖ «ប៊ូតុងខាងលើរបស់វាត្រូវទាញពីខាងស្តាំទៅឆ្វេង។ ចំណែកកាមេរ៉ាថតវិញមានលក្ខណៈលយចេញមកក្រៅបន្តិច ហើយសម្បកក្រៅវាវិញដូចសម្បករបស់ iPad។ ចំពោះភ្លើងហ្វាស់កាមេរ៉ារបស់ Phone 6 មានលក្ខណៈខុសពីទូរសព្ទម៉ាក iPhone 5s»។
តាមរយៈការចេញនូវផលិតផលថ្មីជំនាន់ក្រោយៗរបស់ក្រុមហ៊ុន Apple នោះ គេសង្កេតឃើញទូរស័ព្ទស៊េរី iPhone 6 មានទំហំធំជាងស៊េរី iPhone 5s និងiPad ហើយគឺជាប្រភេទទូរស័ព្ទស្មាតហ្វូនដែលគេចាប់អារម្មណ៍ជាងគេផង ដែររបស់ក្រុមហ៊ុន Apple នាឆ្នាំ២០១៤ ប្រសិនបើគេប្រៀបទៅនឹងផលិតផលកម្រិត iOS នោះ។
មានរបាយការណ៍ ជាច្រើនបានចេញផ្សាយថា ក្រុមហ៊ុន Apple អាចនឹងចេញលក់ទូរស័ព្ទម៉ាក iPhone 6 នៅឆ្នាំ២០១៤នេះ។ ឆ្នាំនេះដែរគេក៏ឃើញមានកើតនូវវិវាទរវាង Apple និង Samsung ២លើក។ ដោយឡែកបើមើលទីផ្សារលក់នោះគេឃើញ Apple ហាក់ដូចជាមានកម្រិតទទួលស្គាល់ច្រើនជាង Samsung៕