ការប្រកាសពីកិច្ចព្រមព្រៀង សហការគ្នាលើកដំបូង រវាងក្រុមហ៊ុនទាំង២ បានធ្វើឡើងនៅក្នុងក្រុមហ៊ុន ស្មាត នារសៀលថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៣ ។
លោក ហ្គី ហាន់លី នាយកគ្រប់គ្រងក្រុមហ៊ុនថៃ សាំស៊ុងអេឡិចត្រូនិច ប្រចាំកម្ពុជា-ឡាវ បានមានប្រសាសន៍ថា “វាគឺជាចំណុចខ្លាំងអស្ចារ្យ ដែល សាំស៊ុង តែងតែផ្ដល់ជូននូវបច្ចេកវិទ្យាដ៏ល្អបំផុត និងចុងក្រោយបំផុត។ ជាមួយ ស្មាត យើងនឹងនាំជូននូវឧបករណ៍ដ៏ថ្មីសន្លាងនេះ ដល់អតិថិជននៅកម្ពុជា នៅថ្ងៃដំបូងនៃការចេញលក់ នៅទូទាំងពិភពលោក តាមរយៈការផ្ដល់ជូននូវ ការបញ្ជារទិញជាមុនដ៏ពិសេសនេះ” ។
អតិថិជនអាចកក់ បច្ចេកវិទ្យាទំនើបទាំង២ នេះបាន ចាប់ពីឥឡូវរហូតដល់ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៣ ហើយនឹងបានដល់ដៃ នៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៣ មុនការមកដល់ជាផ្លូវការ នៅកម្ពុជា២ថ្ងៃ (សាំស៊ុង មកដល់កម្ពុជាជាផ្លូវការ ថ្ងៃទី២៧ កញ្ញា) ។ ក្នុងនោះ Samsung Galaxy Note 3 មានតម្លៃ ៧២០ដុល្លារ ហើយ Galaxy Geer តម្លៃ ២៨០ដុល្លារ ។ ជាមួយនឹងការទិញ Note 3 ពីក្រុមហ៊ុនស្មាត នឹងមានការផ្តល់ជូន ៥កញ្ចប់បន្ថែម ដូចជាទទួលបានកញ្ចប់ អ៉ីនធឺណេត 1G រៀងរាល់ខែ រហូតដល់មួយឆ្នាំ , ការហៅទូរស័ព្ទ ១០០០នាទី រៀងរាល់ខែរយៈពេល១ឆ្នាំ ផ្តល់ជូនលេខពិសេស និងស្រោមទូរស័ព្ទ រួមទាំងមានឱកាសចាប់រង្វាន់យក Galaxy Geer ផងដែរ ។
ដោយឡែក លោក ថូម៉ាស់ ហ៊ុន នាយកប្រតិបត្ដិក្រុមហ៊ុន Smart Axiata បានមានប្រសាសន៍ថា “យើងមានសេចក្ដីសោមនស្សរីករាយ និង មោទនភាពក្រៃលែង ចំពោះភាពជាដៃគូជាមួយ Samsung នេះ។ វាគឺជាការគាំទ្រដ៏ខ្លាំងក្លាមួយដល់ ស្មាត ក្នុងនាមជាក្រុមហ៊ុនទូរស័ព្ទចល័ត ឈានមុខគេមួយនៅកម្ពុជា ជាពិសេសក្នុងវិស័យអ៉ីនធឺណេតចល័ត។ ជាមួយពិធីសម្ពោធនេះ ជាមួយ សាំស៊ុង យើងកំពុងតែបង្កើនការប្រើប្រាស់ ស្មាតហ្វូនបន្ថែមទៀត។ ជាមួយកញ្ចប់ផ្ដល់ជូនពិសេសនេះ អតិថិជនកម្ពុជា អាចទទួលបានឧបករណ៍ថ្មី ដ៏អស្ចារ្យទាំងនេះ ក្នុងពេលតែមួយ មុនប្រទេសដទៃទៀត ក្នុងពិភពលោក រួមជាមួយការតេ និងប្រើអ៉ីនធឺណេតឥតគិតថ្លៃពី ស្មាត រយៈពេលមួយឆ្នាំ គឺពិតជាអស្ចារ្យមែន!” ។
Galxay Note 3 មានអេក្រង់ Full HD Super AMOLED ធំជាង Note មុនៗ (ទំហំ ៥.៧ អ៉ីញ) ថែមទាំងមានរាងស្ដើង និងស្រាលជាមុន (កំរាស់ ៨.៣ ម.ម, ទំងន់ ១៦៨ ក្រាម)។ ល្បឿនកាន់តែលឿន និងកាន់តែអស្ចារ្យជាងមុន ជាមួយ 2.3 GHz Quad Core processor ប៉ុន្ដែវាមានថ្មកាន់បានកាន់តែយូរ រហូតដល់ ២៥ម៉ោង។ វាក៏មានកាមេរ៉ាពីក្រោយទំហំ ១៣ មេហ្គាភីកសែល ជាមួយ Auto Focus និង Flash & Zero Shutter Lag ដែលធ្វើឱ្យអ្នកប្រើប្រាស់ អាចចាប់យករូបភាព និងសកម្មភាពកាន់តែច្បាស់ល្អ សូម្បីតែនៅក្នុងស្ថានភាពពន្លឺទាប និងមានសកម្មភាពរស់រវើក យ៉ាងណាក៏ដោយ។ Note 3 ផ្ដល់ជូននូវបច្ចេកវិទ្យា LTE (4G) ចុងក្រោយបំផុត។ ដោយឡែក Galaxy Geer ជានាឡិកាទំនើបដំបូងបង្អស់ របស់សាំស៊ុង “នាឡិកាឆ្លាតវៃ” ដែលមានសមត្ថភាពខ្ពស់ ក្នុងការសម្រួលដល់ការងារផ្សេងៗ ដល់អ្នកប្រើប្រាស់ Note 3 ។ ក្រៅពីថតរូប ចាក់ចម្រៀង ឬមើលម៉ោង បច្ចេកវិទ្យានេះ ក៏អាចលើកទូរស័ព្ទ និយាយជំនួស Note 3 ផងដែរ ខណៈដែលត្រូវបានពាក់នៅលើដៃជាប់ ដូចនាឡិកានោះ ៕