Monday, October 13, 2014

Galaxy Note 4 និង​Galaxy Note Edge គ្រោង និង ចេញនៅពេលឆាប់ៗ!!




ភ្នំពេញ: ក្រុមហ៊ុន​សាំស៊ុង​អេឡិចត្រូនិក​(Samsung Electronics​) បាន​ដាក់​បង្ហាញ​សមាជិក​ថ្មី​នៃ​ត្រកូល​ហ្គាឡាក់ស៊ី​គឺ Galaxy Note 4 និង​Galaxy Note Edge ក៏​ដូចជា​ការ​អភិវឌ្ឍ​លើ​ប៊ិក​អេឡិចត្រូនិក SPen នៅ​ទីក្រុង​ប៊ែរឡំាង​ប្រទេស​អាល្លឺម៉ង់​កាលពី​ថ្មីៗ​នេះ ដែល​ធ្វើឲ្យ​បណ្ដា​អ្នក​ប្រើប្រាស់​ទទួល​បាន​នូវ​បទពិសោធ​ប្រើប្រាស់​ដ៏ល្អ​ ប្លែក​។
ទូរស័ព្ទ Galaxy Edge ដែល​មាន​អេក្រង់​ហៀរ​មក​គែម​ចំហៀង​ពិសេស​ខុស​គេ ផ្តល់​ជូន​អ្នក​ប្រើប្រាស់​នូវ​វិធី​ថ្មី​មួយ​ដើម្បី​ដំណើរការ​ព័ត៌មាន​ បង្ហាញ​ពី​បុគ្គលិក​លក្ខណៈ និង​ចំណង់ចំណូល​ចិត្ត​របស់​ខ្លួន​។ Note Edge រចនា​អេក្រង់​កោង​សមត្ថភាព​ខ្ពស់​ដែល​អាច​ដំណើរការ​កម្មវិធី​នានា​បាន​លឿន​ រហ័ស ទោះបី​ជា​អ្នក​ប្រើប្រាស់​បិទ​គម្រប​ទូរស័ព្ទ​ក៏ដោយ។
អ្នក​ប្រើប្រាស់​ទូរស័ព្ទ​នេះ​ក៏​អាច​ទទួល​បាន​សារ​ជូន​ដំណឹង​ដោយ​ផ្ទាល់ ​នៅលើ​អេក្រង់​ខាង​គែម ខណៈ​ពេល​មើល​វីដេអូ ឬ​លេងហ្គេម​ដោយ​មិន​មាន​ការ​រំខាន​ដល់​ការ​ទស្សនា​ភាពយន្ត ឬ​ហ្គេម​របស់​អ្នក​ឡើយ​។
ចំណែកឯ​ស្មាតហ្វូន Galaxy Note4 វិញ​មាន​ការ​រចនា​ថ្មី​យ៉ាង​រលើបរលោង និង​ទាន់​សម័យ​បំផុត​ដោយ​មាន​ព័ទ្ធ​ដោយ​ស៊ុម​លោហៈ​រាងកោង​ដើម្បី​ឲ្យ​ ស័ក្តិសម​ទៅ​នឹង​អេក្រង់​ធំ ៥,៧​អ៊ិញ ប្រភេទ​គុណភាព​ខ្ពស់ Quad​HD​(2560×1440)​Super AMOLED។ ប្រភេទ​អេក្រង់​នេះ​អាច​ផ្ដល់​នូវ​រូបភាព​ដិត​ច្បាស់ ងាយស្រួល​បំផុត​សម្រាប់​ការ​ប្រតិបត្តិការ​កម្មវិធី​ច្រើន​ក្នុង​ពេល​តែ​ មួយ។
សម្រាប់​អ្នក​ដែល​និយម​ប្រើប្រាស់​ស្មាតហ្វូន​ដើម្បី​ថតរូប​វិញ ទំហំ​កាមេរ៉ា​របស់ Galaxy Not 4 គឺ​១៦​មេហ្គាភិចសែល ជាមួយ​ប្រព័ន្ធ Smart Optical Image Stabilizer កាមេរ៉ា​មុខ​៣,៧​មេហ្គាភិចសែល សម្រាប់​ថតរូប Selfie និង​ថតរូប​ជា​ក្រុម​។
ទូរស័ព្ទ​នេះ​ក៏​ត្រូវ​បាន​ក្រុមហ៊ុន​អះអាង​ថា សាក​ថ្ម​ឆាប់​ពេញ និង​សន្សំសំចៃ​ថ្ម​បាន​ខ្ពស់​ជាមួយ Ultra​Power Saving Mode។
ចំពោះ​ប៊ិក SPen និង SNote គឺ​មាន​ការ​កត់ត្រា​ប្រកប​ដោយ​ភាព​ច្នៃប្រឌិត​រាល់​ការងារ​របស់​អ្នក​យ៉ាង​លឿន និង​ងាយស្រួល​។
ទាក់ទិន​នឹង​ការ​សម្ពោធ​ស្មាតហ្វូន​ស៊េរី​ដ៏ថ្មី​សន្លាង​ទាំង​ពីរ​នេះ​ លោក ជេខេ ស៊ីន (​JK Shin) នាយក​ប្រតិបត្តិ​និង​ប្រធាន​ផ្នែក​ព័ត៌មានវិទ្យា និង​ទំនាក់ទំនង​ទូរស័ព្ទ​ចល័ត​របស់​ក្រុមហ៊ុន​សាំស៊ុង​អេឡិចត្រូនិក បាន​មាន​ប្រសាសន៍​ថា​៖ «ត្រកូល Galaxy Note បាន​អភិវឌ្ឍ​ទៅកាន់​ការ​ច្នៃប្រឌិត​ថ្មី​កាន់តែ​ទំនើប​នៅក្នុង​ពិភព បច្ចេកវិទ្យា​នេះ​។ ទំហំ​អេក្រង់​ដ៏ធំ និង​បច្ចេកវិទ្យា SPen របស់ Galaxy Note 4 នេះ​ដើម្បី​ផ្តល់​របៀប​កត់ត្រា​ថ្មី​លក្ខណៈ​ឌីជីថល​បច្ចេកវិទ្យា​ថ្មី​បំផុត ​ពិត​មិន​ធ្វើឲ្យ​អ្នក​ខកចិត្ត​»។
ស្មាតហ្វូន Galaxy Note គឺ Galaxy Note 4 និង Note Edge ដែល​មាន​តម្លៃ​នៅ​អាមេរិក និង​អង់គ្លេស​ប្រមាណ​៦០០​ទៅ​៧០០​ដុល្លារ​នោះ​នឹង​មក​ដល់​ប្រទេស​កម្ពុជា​នៅ​ ខែ​ក្រោយ ប៉ុន្តែ​តម្លៃ​ទីផ្សារ​ក្នុង​ស្រុក​មិន​ទាន់​កំណត់​នៅ​ឡើយ​ទេ៕

"
"