លើពីអ្វីដែលខ្ញុំ និងអ្នកបានគិតបន្ទាប់ពីក្រុមហ៊ុន Huawei បានដាក់ចេញនូវទូរស័ព្ទដ៏ទំនើបកាលពីថ្ងៃទី 4 ខែកញ្ញា ឆ្នាំ 2014 ដែលពីពេលមុន យើងបានដឹងត្រឹមថាក្រុមហ៊ុននឹងដាក់ចេញនូវទូរស័ព្ទមានសមត្ថភាពខ្ពស់មួយ រួមនឹងមុខងារស្ដែនក្រយៅដៃប៉ុណ្ណោះ។ ប៉ុន្តែក្រោយបានឃើញ និងដឹងពីលក្ខណៈរបស់វា យើងស្ទើរមិនជឿនឹងភ្នែកថា Ascend Mate 7 ពិតជាអស្ចារ្យមិនចាញ់ក្រុមហ៊ុន Samsung ឬ Sony ឡើយ។ ដែលរូបរាង និងសមត្ថភាពរបស់ Ascend Mate 7 ធ្វើឱ្យអ្នកចូលចិត្តទូរស័ព្ទស្មាតហ្វូនឃើញហើយស្ទើរស្រកទឹកមាត់ បើមានលក់ពេលណាចង់តែទៅទិញយកមកប្រើភ្លាមៗ។
កំពូលស្មាតហ្វូនដែល Huawei បានធ្វើការដាក់បង្ហាញនេះ គឺវាមានលក្ខណៈសម្បត្តិខ្ពស់លើសពីការរំពឹងទុក ហើយយើងជឿជាក់ថាវាអាចនឹងក្រឡុកទីផ្សារស្មាតហ្វូននាពេល បច្ចុប្បន្ននេះបាន។ រូបរាងរបស់ Ascend Mate 7 គឺស្ថិតនៅក្នុងលំដាប់កំពូលមួយ ដោយវាបានរចនាយ៉ាង ប្រណិត និងមានភាពទាក់ទាញ ជាមួយនឹងប្រវែង 157 មីលីម៉ែត្រ ទទឹងប្រវែង 81 មីលីម៉ែត្រ និងមានកម្រាស់ស្តើងត្រឹមតែ 7.9 មីលីម៉ែត្រ និងមានទំងន់ 185ក្រាម។ ទូរស័ព្ទនេះគឺពិតជាមានទំហំធំ ប៉ុន្តែវាមានកម្រាស់ស្តើង និងធ្ងន់ល្មម ងាយស្រួលក្នុងការកាន់ ហើយនេះហើយគឺជាអ្វីដែលអ្នកប្រើប្រាស់ចង់បានបំផុត។ Huawei ដែលបានបង្កើតគែមទូរស័ព្ទនេះដ៏ស្តើងបំផុតត្រឹមតែ 2.9 មីលីម៉ែត្រតែប៉ុណ្ណោះ ដែលសរុបទៅ អេក្រង់មានផ្ទៃស្មើរ 83% នៃទូរស័ព្ទ។ អេក្រង់របស់ Ascend Mate មានទំហំធំដល់ទៅ 6 អ៊ីងប្រភេទ LTPS Display ដែលមានកម្រិតភាពច្បាស់ខ្ពស់ 1080 x 1920 ភិចសែល និងមានដង់ស៊ីតេភិចសែល 368 ppi។ ក្រៅពីនេះ Mate 7 ប្រើប្រាស់បន្ទះឈីបដែលបង្កើតដោយ Huawei ផ្ទាល់តែម្តងស៊េរី Hisilicon Kirin 925 ប្រភេទ Quad-core Cortex-A15 ល្បឿន1.8 GHz ។ ដោយឡែក Mate 7 មាន 2 ម៉ូឌែលផ្សេងគ្នា គឺ 16GB មាន RAM ទំហំ 2GB ចំណែកឯ 32GB វិញមាន RAM 3GB។ ចំពោះកាមេរ៉ាវិញវាមានទំហំ 13 MP របស់ក្រុមហ៊ុន Sony និងមុខមានទំហំ 5MP ហើយមានថ្មទំហំធំដល់ទៅ 4,100 mAh ។ ក្រៅពីនេះ Mate 7 បានដាក់ចេញមុខងថ្មីមួយទៀត គឺស្កេនម្រាមដៃ ប៉ុន្តែត្រូវបានគេមើលឃើញថា វាគ្រាន់តែជារបស់ចម្លងចេញពី HTC One Max ។ ប៉ុន្តែអ្វីដែលអ្នកគ្រប់គ្នាគិតមិនដល់នោះ គឺសមត្ថភាពដោះសោររបស់វាចំណាយពេលត្រឹមតែ 1 វិនាទីតែប៉ុណ្ណោះ ដែលវាលឿនជាង Galaxy S5 និង iPhone 5s ទៅទៀត៕