ទូរស័ព្ទស្មាតហ្វូនខ្មែរ បានសម្ពោធដាក់លក់ជាលើកដំបូងកាលពីម្សិលមិញ ប៉ុន្តែវាជាផលិតផលមួយដែលផលិតឡើងនៅប្រទេសចិន។
ទូរស័ព្ទ ខ្មែរ Khmer C2 ជាម៉ូដែលដែលត្រូវបានបង្ហាញកាលពីថ្ងៃម្សិលមិញ បន្ទាប់ពីក្រុមហ៊ុនបានបញ្ចេញម៉ូដែល Khmer C1 សាកល្បងរួចទៅហើយ។
Jezetek Khmer Comservice ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន Khmer Unicom ជាក្រុមហ៊ុនដែលនៅពីក្រោយការផលិតទូរស័ព្ទដៃទំនើប ម៉ាក Khmer Series នេះ។
សេចក្តីប្រកាសព័ត៌មានចេញផ្សាយដោយ ក្រុមហ៊ុន Jezetek Khmer Comservice សរសេរថា ទូរស័ព្ទKhmer C2នេះ ត្រូវបានផលិតឡើងបន្ទាប់ពីម៉ូដែល Khmer C1 ដែលត្រូវបានចែកចាយសាកល្បងនៅលើទីផ្សារ។ សេចក្តីប្រកាសពត៌មានបន្តថា Khmer C2 នេះគឺជាទូរស័ព្ទដំបូងដែលការរចនាម៉ូដ ការអភិវឌ្ឍផលិតផល និងកម្មវិធីទូរស័ព្ទ ដែលត្រូវបានធ្វើឡើងនៅប្រទេសកម្ពុជា។
តែបើតាមការឲ្យដឹងពីលោក George Huang អនុប្រធានក្រុមហ៊ុន Khmer Unicom ការ ដំឡើងទូរស័ព្ទដៃទំនើបម៉ាក Khmer C2 គឺត្រូវបានធ្វើឡើងនៅប្រទេសចិនហើយត្រូវបាននាំចូលមកប្រទេស កម្ពុជាវិញ ដើម្បីចែកចាយក្នុងទីផ្សារ។ លោកបន្តថា ក្រុមហ៊ុនមានគម្រោងនឹងបង្កើតរោងចក្រដំឡើងទូរស័ព្ទនេះនៅកម្ពុជាក្នុងពេលឆាប់ៗនេះ តែមិនបានបញ្ជាក់ថា ពេលណានោះទេ។
លោកមានប្រសាសន៍តាមរយៈអ្នកបកប្រែថា៖ «យើងមានគម្រោងបង្កើតកន្លែង ដំឡើង ក្នុងពេលឆាប់ៗនេះ»។
ទូរស័ព្ទដៃម៉ាក Khmer C2 មានអេក្រង់ទំហំ៥ អ៊ិញ ជាទូរស័ព្ទដៃបំពាក់ដោយប្រព័ន្ធភាសាខ្មែរ អាចប្រើប្រាស់ស៊ីមពីរ និងដំណើរការ ដោយប្រព័ន្ធប្រតិបត្តិការ Android 4.2 មានអង្គចងចាំចំនួន 32GB និងកាមេរ៉ាទំហំ១៣ មេហ្គាភិសែល ហើយដាក់លក់ក្នុងតម្លៃ២៩៩ដុល្លារ។
ការចូលមកដល់នៃទូរស័ព្ទ ដែលបំពាក់ស្លាកសញ្ញាជាផលិតផលរបស់កម្ពុជាជាមួយនឹងតម្លៃសមរម្យ ត្រូវបានគេមើលឃើញថា ជាការបន្ថែមការប្រកួតប្រជែងក្នុងទីផ្សារទូរស័ព្ទដែលមានភាពតូចចង្អៀតស្រាប់។
ទោះជាយ៉ាងណា លោក ហ៊រ ហាប់ អគ្គនាយករងក្រុមហ៊ុន G-Gear ដែលជាក្រុមហ៊ុនទទួលសិទ្ធិចែកចាយទូរស័ព្ទLGឲ្យដឹងថា តម្លៃរបស់ទូរស័ព្ទមិនមែនជាកត្តាធំដែលអតិថិជនបច្ចុប្បន្ន ផ្តោតសំខាន់នោះទេ ហើយទូរស័ព្ទដែលដំណើរការភាសាខ្មែរមិនមែនជារឿងថ្មីនោះដែរ។
លោកបន្តថា៖«ទូរស័ព្ទដែលដំណើរការភាសាខ្មែរនេះជាអ្វីដែល LG បានធ្វើរួចមកហើយតាំងពី៣ឆ្នាំមុន។ មុននឹងសម្រេចចិត្តទិញ អតិថិជនទីមួយគាត់មើលទៅលើម៉ាករបស់ទូរស័ព្ទ ថាតើជាម៉ាកដែលទុកចិត្តបានឬអត់? ទីពីរទៅលើគុណភាពនិងសមត្ថភាពរបស់ទូរស័ព្ទ»។ លោកបន្ថែមថា តម្លៃថោកតែមិនមានគុណភាពក៏មិនអាចទាក់ទាញអតិថិជនបានដែរ។
ជាមួយគ្នានេះដែរ ក្រុមហ៊ុន Jezetek Khmer Comservice ក៏បានប្រកាសពីការចូលមកដល់នៃទូរស័ព្ទ Khmer C3 ផងដែរ។ បច្ចុប្បន្ន ក្រុមហ៊ុនកំពុងរៀបចំហាងសម្រាប់ដាក់លក់ទូរស័ព្ទ ដែលនឹងចាប់ដំណើរការក្នុងពេលឆាប់ៗនេះ៕